ប្រព័ន្ធលូនៅក្នុងគម្រោង គឺមានលូមេដែលមានទំហំមុខកាត់ ១ម៉ែត្រ និង លូតូចដែលមានមុខកាត់ ៦តឹក តភ្ជាប់ដោយរ៉ឺហ្គែរពីមួយទៅមួយចម្ងាយទូទៅ ២៥ម៉ែត្រ។
អញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាត្រួសៗពីវិធីសាស្ត្រក្នុងការសាងសង់ ឬតម្លើងប្រព័ន្ធលូក្នុងគម្រោងដូចតទៅ៖
ការងារដំបូងដែលត្រូវធ្វើគឺ កំណត់ទីតាំងបឋមរបស់លូ និងរ៉ឺហ្គែរជាមុនសិន ដើម្បីអាចកាយដីចេញឱ្យត្រូវទីតាំងទៅដល់ជម្រៅដែលត្រូវតម្លើង។ នៅក្នុងការកាយដីនេះ គឺត្រូវកាយឱ្យធំគ្រប់គ្រាន់ងាយស្រួលក្នុងការធ្វើ ការតម្លើងលូ និង រ៉ឺហ្គែរ ព្រមទាំងគិតគួរពីសុវត្ថិភាពក្នុងការបាក់ដីផងដែរ។
បន្ទាប់ពីកាយដីរួចហើយគឺត្រូវកំណត់ទីតាំងរ៉ឺហ្គែរម្ដងទៀតដើម្បីបង្ហាប់ថ្ម និងចាក់ឡប់ឡែ ឬបេតុងសម្អាត អោយស្មើងាយស្រូលក្នុងការធ្វើការ។ ក្រោយមកយើងត្រូវចាក់បេតុងបាតរ៉ឺហ្គែរ ដោយមានប្រើដែកសំណាញ់ដែលមានមុខកាត់ ៣.២មម និងគម្លាត ១០សម។ ជញ្ជាំងឥដ្ឋត្រូវបានរៀបពីលើបាតរ៉ឺហ្គែរ ហើយរៀបដល់កំពស់មួយដែលចាំបាច់សម្រាប់ ដាក់លូពីលើ។
បន្ទាប់ពីបាយអររឹងហើយ គឺអាចតម្លើងលូពីរ៉ឺហ្គែរមួយ ទៅរ៉ឺហ្គែរមួយទៀតទៅតាមជម្រាលដូចមានបង្ហាញលម្អិតនៅក្នុងប្លង់។ ដោយឡែកជម្រាលលូរបស់យើងគឺត្រូវបានធ្វើដូចមានបង្ហាញនៅក្នុងរូបនេះ ដែលយើងបង្កើតមុំជម្រាលខ្លាំងពីរ៉ឺហ្គែមួយទៅរ៉ឺហ្គែមួយ តែជម្រាលតិចពីរ៉ឺហ្គែរដើមទៅរ៉ឺហ្គែរចុងបំផុត។
បន្ទាប់ពីតម្លើងលូរួចរាល់ហើយ យើងចាំបាច់ត្រូវបិទភ្ជាប់តំណលូដោយបាយអរ ។ នៅពេលដែលលូចូល និងលូចេញពីរ៉ឺហ្គែរតម្លើងរួចរាល់ហើយ គឺអាចចាប់ផ្ដើមរៀបរ៉ឺហ្គែររហូតដល់ផ្នែកខាងលើបាន។
ជញ្ជាំងរ៉ឺហ្គែរគឺរៀបដោយប្រើឥដ្ឋម្ភៃ ដោយបូកតែផ្នែកខាងក្នុងប៉ុណ្ណោះ និងចាក់មាត់គម្រប និងគម្របរ៉ឺហ្គែរពីបេតុងដែលមានភាពធន់២៨ថ្ងៃ ២៥មេហ្គាប៉ាស្កាល់ស៊ីឡាំង។
បន្ទាប់ពីលូនឹងរ៉ឺហ្គែរតម្លើងរួចរាល់ហើយ យើងអាចលុបបំពេញដីនឹងបង្ហាប់តាមស្រទាប់ដើម្បីអោយដីហាប់ណែនល្អ មិនបង្កអោយហូរច្រោះឬស្រុតខ្លាំងបន្ទាប់ពីបង្ហាប់រួច។ មួយវិញទៀតអាចធ្វើអោយបែកលូបាននៅពេលដែលមានគ្រឿងចាក់បើកកាត់ពីលើ ប្រសិនបើមិនបានបង្ហាប់អោយបានល្អនោះទេ។
ទាំងអស់នេះគឺជាអ្វីដែលបានអនុវត្តនៅក្នុងគម្រោងដីឡូតិ៍ ទោះបីមិនល្អឥតខ្ចោះ តែយើងព្យាយាមធ្វើអោយល្អបំផុតសម្រាប់គម្រោង។ តើបងប្អូនមានចម្ងល់ ឬមានយោបល់ចង់បំពេញបន្ថែមដែរឬអត់? បើមានសូមខំមិននៅខាងក្រោម យើងខ្ញុំរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា។ សូមអរគុណ!